បទវិភាគ៖នៅចំពោះមុខការពិតនិងទិន្នន័យ ការលើកឡើងនូវអ្វីដែលហៅថា “សេដ្ឋកិច្ចចិនបានឡើងដល់កំពូល”ដែលឃោសនាបំប៉ោងដោយឥស្សរជនប៉ែកខាងលិចមួយចំនួននឹងត្រូវលាតត្រដាងដោយឯកឯង
នៅថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ “១ឧសភា”ដែលទើបកន្លងផុតទៅ “ប្រទេសចិនចល័ត”ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីមតិអន្តរជាតិ ។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជា 《កាសែត Nikkei 》របស់ជប៉ុនជាដើមយល់ឃើញថា កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវា១ឧសភា ជាសក្ខីភាពបញ្ជាក់ពីនិន្នាការដ៏ល្អប្រសើរនៃសេដ្ឋកិច្ចរបស់ចិន ។
យោងតាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថា នៅថ្ងៃឈប់សម្រាកទិវា១ឧសភាឆ្នាំនេះ ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនសរុបគឺ២៩៥លាននាក់ ដែលកើនឡើង៧,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការចំណាយសរុបរបស់អ្នកទេសចរក្នុងស្រុកចិនមានចំនួន១សែន៦ម៉ឺន៦ពាន់៨៩០លានយាន់ប្រាក់ចិន ដែលកើនឡើង១២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងនោះ ការធ្វើទេសចរណ៍នៅតាមស្រុកនានាទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ទីក្រុងដែលទទួលការពេញនិយមបានដាក់ចេញគម្រោងទេសចរណ៍ថ្មី ហើយសកម្មភាពដកបទពិសោធន៍វប្បធម៌ដូចជាភាពទាន់សម័យដែលមានរចនាបថចិនជាដើមទទួលបានការពេញនិយមណាស់ ដែលក្លាយជាលក្ខណៈពិសេសថ្មីនៃការធ្វើទេសចរណ៍នៅថ្ងៃឈប់សម្រាក ហើយក៏បង្ហាញពីការលើកកម្ពស់លំដាប់ថ្នាក់នៃតម្រូវការខាងការប្រើប្រាស់របស់ប្រជាជនចិនផងដែរ ។
ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងការរៀបចំឡើងវិញនៃខ្សែផ្លូវហោះហើរ ការអនុវត្តវិធានការដែលផ្តល់ភាពងាយស្រួលដល់ការចូលដែននិងការកើនឡើងនៃប្រទេសដែលលើកលែងទិដ្ឋាការទៅវិញទៅមក ទេសចរណ៍ចេញចូលដែនរបស់ចិនបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវា១ឧសភា អ្នកទេសចរចិនបានទៅដើរលេងកម្សាន្តនៅទីក្រុងជាង១០០០នៅទូទាំងពិភពលោក ដែលបានជំរុញដល់ការស្តារឡើងវិញនៃការប្រើប្រាស់នៅតំបន់នានាទូទាំងពិភពលោក ។ ក្នុងនោះ ចំនួនអ្នកទេសចរមកពីប្រទេសដែលលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ ។ ពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីគុយបាប្រកាសអនុវត្តលើកលែងទិដ្ឋាការចំពោះប្រជាពលរដ្ឋចិនដែលចូលដែនគុយបា ជារៀងរាល់ថ្ងៃ ចំនួនស្វែងរកពាក្យអំពីសណ្ឋាគារគុយបានិងសំបុត្រយន្តហោះជាដើមលើវេទិកាទេសចរណ៍ចិនបានកើនឡើងលើសពី៤០ភាគរយបើប្រៀបធៀបនឹងមួយថ្ងៃមុន ។
នៅពីក្រោយទិន្នន័យដ៏លេចធ្លោមួយចំនួន ជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ភាគីនានា ។ ចាប់ពីចូលឆ្នាំនេះមក ចិនបានដាក់ចេញគោលនយោបាយមួយចំនួនសម្រាប់ជំរុញការប្រើប្រាស់ ។ ក្រសួងពាណិជ្ជកម្មចិនក៏បានកំណត់ឆ្នាំនេះថា ជា “ឆ្នាំជំរុញការប្រើប្រាស់”ដែរ ហើយរៀបចំសកម្មភាពបន្ទាប់បន្សំជាច្រើនលើក ។ ប្រការនេះបានបំពេញតាមតម្រូវការខាងការប្រើប្រាស់របស់អ្នកផងទាំងពួងដែលមានច្រើនបែបយ៉ាងនិងប្រកបដោយគុណភាពខ្ពស់ ថែមទាំងក៏ជំរុញកម្លាំងចលករផ្ទៃក្នុងនៃទីផ្សារប្រើប្រាស់របស់ចិនថែមមួយកម្រិតទៀតដែរ ។ តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា អត្រារួមចំណែកនៃការប្រើប្រាស់ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅត្រីមាសទីមួយបានឡើងដល់៧៣,៧ភាគរយ ។ ទន្ទឹមនឹងប្រទេសចិនពូនជ្រំការប្រើប្រាស់បែបថ្មីថែមមួយកម្រិតទៀតនៅពេលអនាគត ទីផ្សារប្រើប្រាស់ប្រភេទថ្មីដូចជាការប្រើប្រាស់ឌីជីថល ការប្រើប្រាស់បៃតងនិងការប្រើប្រាស់សុខភាពជាដើមនឹងមានកំណើន ហើយការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកក៏នឹងទទួលបានកម្លាំងចលករថ្មីដែរ ។
ទិន្នន័យប្រើប្រាស់ជាច្រើនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវា១ឧសភាគឺលើសពីការប៉ាន់ប្រមាណដែលបានបង្ហាញពីសក្តានុពលនិងកម្លាំងរស់រវើកនៃសេដ្ឋកិច្ចរបស់ចិន ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំ ។ តាមការប៉ាន់ប្រមាណនៃធនាគារអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា ចិននឹងរួមចំណែកកំណើន៤៦ភាគរយនៃអង្គភាពសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍របស់អាស៊ីពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៥ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg របស់អាមេរិកបានព្យាករណ៍ថា ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៩ ក្នុងសកម្មភាពសេដ្ឋកិច្ចបង្កើតថ្មីនៅទូទាំងពិភពលោក អត្រារបស់ចិនប្រហែលជា២១ភាគរយ ។ នៅចំពោះមុខការពិតនិងទិន្នន័យ ការលើកឡើងនូវអ្វីដែលហៅថា “សេដ្ឋកិច្ចចិនបានឡើងដល់កំពូល”ដែលឃោសនាបំប៉ោងដោយឥស្សរជនប៉ែកខាងលិចមួយចំនួននឹងត្រូវលាតត្រដាងដោយឯកឯង ។
ពីការបំពេញទស្សនកិច្ចជាញឹកញយនៅប្រទេសចិនរបស់មន្ត្រីជាន់ខ្ពស់នៃសហគ្រាសពហុជាតិ ដល់ការនាំគ្នាទៅបង្កើតរោងចក្រថ្មីនៅប្រទេសចិនរបស់សហគ្រាសបរទេស ប្រការទាំងនេះសុទ្ធតែបញ្ជាក់ពីកម្លាំងទាក់ទាញនៃទីផ្សាររបស់ចិន ក៏ដូចជាបញ្ជាក់ថា និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរនិងស្ថិរភាពក្នុងរយៈពេលយូរនឹងមិនកែប្រែឡើយ៕