រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
ភ្នំពេញ៖ ទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤,ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីដែលមានការពាក់ព័ន្ធមួយចំនួនផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារបច្ចេកទេស ឱ្យធ្វើការពិនិត្យ និងស្រាវជ្រាវបន្ថែមអំពីឧត្តមានុវត្តអន្តរជាតិ និងស្ថានភាពជាក់ស្តែងនៅកម្ពុជា ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ មានខ្លឹមសារកាន់តែគ្រប់ជ្រុងជ្រោយ៕