កាតា ប្ដេជ្ញាពង្រីកទំនាក់ទំនង ជាមួយកម្ពុជា ពិសេសលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាជាប្រទេសផលិតស្បៀង
ភ្នំពេញ៖ កាតា ប្ដេជ្ញាខិតខំបង្កើនទំនាក់ទំនងការទូតជាមួយកម្ពុជា ឱ្យបានមានកម្រិតខ្ពស់ជាងមុន និងពង្រីកទំនាក់ទំនង ជាមួយកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង ។
នេះជាការប្ដេជ្ញាចិត្តរបស់ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ឧសភា ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
ជាកិច្ចចាប់ផ្ដើម បន្ទាប់ពីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជា សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង ។ សម្តេចតេជោ បានរំឭកថា នៅពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចពុំមានពេលគ្រប់គ្រាន់ក្នុងការទទួលទូតដែលគ្មាននិវេសដ្ឋាននៅកម្ពុជានោះទេ ។ សម្ដេចតេជោ បានលើកឡើងថា នៅឆ្នាំ២០០៨ ដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា។
ជាការឆ្លើយតប ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោ និងប្រជាជនកម្ពុជា និងសូមអបអរសាទរសម្តេចចំពោះ ដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល ឯកឧត្ដម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹមថាកាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ។
ឯកឧត្ដម បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង ៕