មូលនិធិជាតិជំនួយសង្គម បដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភកម្មវិធីជំនួយសង្គម និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ លើជនខិលខូច ដែលបានផ្សាយព័ត៌មានមិនពិតនេះ
ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភកម្មវិធីជំនួយសង្គម និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ ទៅលើជនខិលខូចដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិជាតិជំនួយសង្គម នាថ្ងៃទី៨ ឧសភានេះ បានឲ្យដឹងថា យោងតាមព័ត៌មាន ដែលបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធ នឹងប្រាក់ឧបត្ថម្ភនៅក្នុងកម្មវិធីជំនួយសង្គម ដែលប្រព្រឹត្តដោយក្រុមជនខិលខូចអនាមិកក្នុងគោលបំណង ក្លែងបន្លំ និងបំភ្លៃព័ត៌មាន បោកបញ្ឆោត និងធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន ជាពិសេសប្រជា ពលរដ្ឋដែលជាអ្នកទទួលផលគោលដៅរបស់កម្មវិធីជាតិជំនួយសង្គមទូទាំងប្រទេស។
ជាក់ស្តែងព័ត៌មាន ដែលបានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា “Public ID Poor for Khmer: Register yourself to be a recipient of government social assistance. Register immediate.” និង ជាភាសាខ្មែរថា “ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួល អត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម” ។ ក្នុងរូបភាពផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណ សមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ $ ២ ៥០០ ទៀតផង។
មូលនិធិជាតិជំនួយសង្គម សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងស្នើសុំឱ្យ អាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវ ផ្សព្វផ្សាយព័ត៌មានបំភ្លៃខាងលើ។ និងមានវិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខាងលើ ។
បច្ចុប្បន្ននេះ មូលនិធិជាតិជំនួយសង្គម កំពុងបើកផ្តល់លើកម្មវិធីជាតិជំនួយសង្គមចំនួន៣ គឺ៖ ១-កម្ម វិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, ២-កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ៣-កម្មវិធីស្តារជីវភាព ឡើងវិញសម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជននៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង។
ចំពោះការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជំនួយសង្គម អនុលោមតាមបណ្ណសមធម៌ដែលមាន សុពលភាពចេញដោយក្រសួងផែនការដែលជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ ក្នុងការពិនិត្យ និងវាយតម្លៃ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមរយៈការវាយតម្លៃពីឃុំ សង្កាត់ ៕