នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីភ្នំពេញ និងខេត្តព្រៃវែងជាង៤០០នាក់ នៅទីតាំងវិមានឈ្នះ ឈ្នះ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីរាជធានីភ្នំពេញ និងខេត្តព្រៃវែងប្រមាណជាង៤០០នាក់ នៅទីតាំងវិមានឈ្នះ ឈ្នះ។
ការជួបសំណេះសំណាលនេះរៀបចំឡើងបន្ទាប់ពីសិស្សានុសិស្សបានបញ្ចប់ការបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ ដោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រជាតិកម្ពុជា ពិសេសពាក់ព័ន្ធនឹងដំណើរសង្រ្គោះជាតិ ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
ក្នុងឱកាសនៃជំនួបសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃសន្តិភាព និងដំណើរការកសាងវិមានឈ្នះ ឈ្នះ ជាសក្ខីភាពនៃសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំកសាងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិសាងសង់វិមាន ស្ដូបឈ្នះ ឈ្នះ និងបច្ចុប្បន្នមានការដឹកនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងសាងសង់វិមានឈ្នះ ឈ្នះ ដែលធ្វើឲ្យទីតាំងវិមានឈ្នះ ឈ្នះ ក្លាយជាគោលដៅទេសចរណ៍ ព្រមទាំងជាមជ្ឈមណ្ឌលសិក្សាអំពីសន្តិភាពយ៉ាងសំខាន់សម្រាប់សាធារណៈជនជាតិ និងអន្តរជាតិ។
ជំនួបសំណេះសំណាលនេះ បានដំណើរការដោយស្នាមញញឹម ភាពរីករាយ កត្តញ្ញូ និងបង្ហាញឡើងនូវឆន្ទៈរបស់យុវជន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលជំហរការពារ និងថែរក្សាសន្តិភាពពេញលេញនៅកម្ពុជា។