ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ មន្ត្រីជំនាញត្រូវចុះបញ្ជីបញ្ជីដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់ប្រើប្រាស់ដោយស្របច្បាប់ និងបញ្ចប់ការវិវាទដីធ្លី
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងថា កិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកោះកុង មានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃខ្ពស់ពីលទ្ធផលនៃការចុះបញ្ជីផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងខេត្ត ដូចនេះមន្ត្រីជំនាញត្រូវធ្វើការវាស់វែងជាប្រព័ន្ធនៃការចុះបញ្ជីដល់ជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់ប្រើប្រាស់ដោយស្របច្បាប់ និងការបញ្ចប់ការវិវាទដីធ្លី។
ការជំរុញបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញចូលរួមបើកកិច្ចប្រជុំជុំរុញការចុះលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង ដោយមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះលោកជំទាវ មិថុនា ភូថងបានថ្លែងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារកែទម្រង់ដីធ្លី លើការងារអាទិភាពចុះបញ្ជីដីធ្លី ការគ្រប់គ្រង ការប្រើប្រាស់ដី និងធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព បានអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញសកម្មភាពចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំក្រុមមន្ត្រីចំនួន ៦៣នាក់ ក្នុងនោះមន្ត្រីចុះបញ្ជីដែលមានស្រាប់ចំនួន២៨នាក់ និងជ្រើសរើសយុវជនស្ម័គ្រចិត្ត ៣៥នាក់ ដោយបានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានបែងចែកជា ៤ក្រុម ក្នុង១ក្រុម មានសមាជិក ១៤នាក់ ទៅ១៨នាក់ ដែលគិតត្រឹមខែ មេសា ឆ្នាំ២០២៤ ជាលទ្ធផលសម្រេចបានវាស់វែងក្បាលដីបានចំនួន ៥៩,៤០០ក្បាលដី ប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ០៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក បានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី ចេញបណ្ណចំនួន ៣០,២៦០បណ្ណ ចែកបណ្ណដល់ប្រជាពលរដ្ឋចំនួន ២៥,៤២៦បណ្ណ។
ទន្ទឹមនេះ លោកជំទាវអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្ត នៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦,៦៨២ក្បាលដី ក្នុងភូមិចំនួន៦១ នៃ១៧ឃុំ ៦ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈឱ្យបានរួចរាល់សម្រេចផែនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្នុងការជំរុញចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខនេះ។
ក្រៅពីនេះរដ្ឋបាលខេត្ត បានបន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លី និងការងារលំនៅដ្ឋានឆ្ពោះទៅការរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុក ការងារសម្បទានដីសង្គមកិច្ច ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសំណង់ ដែលធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និងរបៀបរៀបរយបានល្អប្រសើរ។
លោកជំទាវ មិថុនា ភូថង សូមកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារចុះបញ្ជីដីធ្លី គណៈកម្មការរដ្ឋបាល អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយឆន្ទៈ មនសិការ វិជ្ជាជីវៈ និងបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានក្បាលដីត្រូវចុះបញ្ជី ឱ្យបានចូលរួមពិនិត្យ វាស់វែង គ្រប់ជំហាន នៃការចុះបញ្ជីដីធ្លី ឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ខេត្តកោះកុង គឺជាខេត្តឈានមុខគេមួយដែលមានរបៀបសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ជាមួយនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះទាំង៥រ បស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕