រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង បានដឹកនាំមន្រ្ដីបច្ចេកទេសដោយមានការចូលរួមពីលោកអភិបាលស្រុកត្រាំកក់ លោកអភិបាលស្រុកបរសេដ្ឋ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោកប្រធាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ០៤ ខ្សែក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងផ្លូវ២ ខ្សែ ក្នុងស្រុកដដែលតាមសំណើគម្រោងវិនិយោគសាធារណៈឆ្នាំ២០២៥ដូចខាងក្រោម៖
ខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិត្រពាំងស្រង៉ែ ទៅដល់ភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៧៣% ។
ខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ ២០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ពីក្លោងទ្វារវត្តសេរីដំណាក់ ឃុំត្រពាំងធំជើង ទៅដល់ភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៣២%។
ខ្សែទី៣ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៣៨៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ពីភូមិយាយឡ ទៅដល់ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៧៣%។
ខ្សែទី៤ ជាផ្លូវក្រាលកៅស៊ូ២ជាន់ DBST ប្រវែង ៥ ៤០៦ ម៉ែត្រ ទទឹង ៦ម៉ែត្រ និងចិញ្ចើមសងខាង ១ ម៉ែត្រ ស្ថិតក្នុងឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ជាលទ្ធផលសម្រេចបាន ៧៥%។
ខ្សែទី៥ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥ ៧៧៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ចំនុចក្លោងទ្វារវត្តព្រៃជួរ ផ្លូវជាតិលេខ៣ ភូមិព្រៃជួរ ឃុំពពេល ដល់ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៣២%។
ខ្សែទី៦ មានប្រវែង ៥ ៥០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិត្នោតជុំ ទៅដល់ភូមិដំណាក់ខ្លុង ឃុំអូរសារ៉ាយ តាមការស្នើសុំរបស់អាជ្ញាធរស្រុកត្រាំកក់ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សិក្សាដើម្បីស្ថាបនាផ្លូវនេះក្នុងឆ្នាំ ២០២៥ខាងមុខ ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំដល់អ្នកម៉ៅការដែលប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារសាងសង់តាមលក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ និងសំណង់សិល្បការ្យមានគុណភាព ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់បន្ថែមថា គម្រោងខ្សែច្រវ៉ាក់ដោយភាតរៈបរិស្ថានសហការអនុវត្តរួមគ្នាដោយក្រសួងចំនួន៣ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ។
បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូបានបន្តចុះពិនិត្យស្ថានភាពស្ពានឈើទ្រុឌទ្រោមមួយកន្លែង ប្រវែង ៤០ម៉ែត្រ ដែលប្រជាជនបានរួមសាមគ្គីគ្នាកសាងសម្រាប់ប្រើប្រាស់ឆ្លងកាត់ នៅរដូវវស្សា ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពស្ពាននោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកបរសេដ្ឋ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ព្រមទាំងមន្ដ្រីបច្ចេកទេសរបស់មន្ទីរផងដែរ។
ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ សិក្សាលទ្ធភាព និងពិភាក្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីកសាងស្ពានដែកបេឡេ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានផ្លូវ និងស្ថានភាពផ្លូវនាឱកាសនោះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃគុណភាព ក៏ដូចជាបច្ចេកទេសសំណង់ ព្រមទាំងអនុវត្តតាមស្មារតីអង្គប្រជុំរវាង ៣ ក្រសួងគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក សំដៅលើកស្ទួយគុណភាព និងគុណតម្លៃជិវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕