រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមអធិការកិច្ចអន្តរស្ថាប័ន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូងក្រោយសេចក្តីសម្រេចប្រកាសសមាសភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាកិច្ចប្រជុំដែលធ្វើឡើងតាមការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត ហើយកម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលមកពីក្រសួងស្ថាប័នចំនួន៦ផ្សេងទៀតរួមមាន ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសុទ្ធសឹងតែជាក្រសួងជំនាញលើការចុះអធិការកិច្ច។
គួររំលឹកថា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំក្រុមអធិការកិច្ចអន្តរក្រសួងរបស់រាជរដ្ឋាភិបាលចុះអធិការកិច្ចទៅលើវិស័យឯកជនដែលត្រូវធ្វើត្រឹមតែមួយលើកក្នុងមួយឆ្នាំលើកលែងតែមានបណ្តឹង។
សូមបញ្ជាក់ថា ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួងនេះ មានតួនាទីសំខាន់ៗចំនួន០៥ រួមមាន៖
ទី១. រៀបចំសមាសភាព និងបែងចែកក្រុមអធិការកិច្ចក្រសួងតាមវិស័យ និងធ្វើការផ្លាស់ប្តូរសមាសភាពតាមការចាំបាច់
ទី២. រៀបចំកម្មវិធីចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងពេលតែមួយ និងចុះតែម្តងក្នុងឆ្នាំសម្រាប់គោលដៅសហគ្រាស គ្រឹះស្ថានតែមួយ លើកលែងតែអធិការកិច្ចពិសេស ឬមានបណ្តឹង
ទី៣. សហការជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ច
ទី៤. រៀបចំទម្រង់របាយការណ៍ស្តីពីអធិការកិច្ចសម្រាប់ចុះធ្វើអធិការកិច្ចរួមគ្នា
ទី៥. រៀបចំកិច្ចប្រជុំប្រចាំត្រីមាសដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍នៃការចុះធ្វើអធិការកិច្ចរបស់ក្រុមអធិការកិច្ចអន្តរក្រសួង ៕