អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ការធ្វើតេស្ត រកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានបិទបញ្ចប់ហើយកាលពីម្សិលមិញ ដែលក្រសួងព័ត៌មានបានអនុវត្ត កាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានផ្ទាល់ ដោយបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាលទ្ធផល ក្នុងចំណោម ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មានចំនួន ១,៧៣១ រូបដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀនទេ ហើយគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែមានសារធាតុញៀន និងពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍គូសបញ្ជាក់ថា នេះជាការចូលរួមក្នុងការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ ក៏ដូចជាសម្រាប់ជាគំរូដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពដទៃទៀត ផងដែរ ដែលកិច្ចការសំខាន់រួមចំណែកក្នុងយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត«កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ! ជាពិសេសគឺក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានអនុវត្តតាមបទបញ្ជាលេខ០១ បប ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា សរុបបាន ចំនួន ៨០,០៥៩ រូប ក្នុងនោះ អ្នកធ្វើតេស្តចំនួន ៧៩,៩៦៧ នាក់ បានទទួលលទ្ធផលអវិជ្ជមាន។ ចំណែកឯអ្នកត្រូវបានរកឃើញមានផ្ទុកសារធាតុញៀននោះគឺមានចំនួន៩២នាក់ ដែលត្រូវទទួលការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល គឺមានន័យថាត្រូវទទួលវិធានការបណ្តេញចេញពីក្របខ័ណ្ឌ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅនេះថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម។ ក្នុងនោះដែរគឺ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីលើលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព, ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕