សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែល្អប្រសើរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាត់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន។
ក្នុងពិធីប្រកាសបើកដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី បញ្ជាក់ថា «យើងនឹងបង្កើនកត្តាវិជ្ជមាន តាមរយៈការដាក់ចេញគោលនយោបាយលើកទឹកចិត្ត អនុគ្រោះ ការដាក់ចេញនូវកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យសំខាន់ៗដែលបានធ្វើហើយ តាមរយៈការដាក់ចេញនូវ គោលនយោបាយអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ យើងបានធ្វើកំណែទម្រង់លើកម្មវិធីផ្សេងៗ កាត់បន្ថយនូវវិធីស្មុគស្មាញ កាត់បន្ថយការិយាធិបតេយ្យ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យា»។
សម្ដេចធិបតីមានប្រសាសន៍ថា ការកាត់បន្ថយកត្តាអវិជ្ជមាន ការដោះស្រាយបញ្ហាប្រឈមចំពោះវិស័យឯកជនដែលមាន និងទាន់ពេលវេលា តាមរយៈយន្តការជួបវិស័យឯកជន តាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នា តាមដានត្រួតពិនិត្យក្នុងការដោះស្រាយបញ្ហា នឹងជួយដល់វិស័យឯកជនបានច្រើន ៕