សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួម ជាមួយរាជរដ្ឋាភិបាលទើបទៅរួច
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកឲ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលទើបទៅរួច ដោយត្រូវរួមគ្នាពង្រឹងអនុលោមភាព មានន័យថា គ្រប់គ្នាត្រូវស្រុះគ្នាអនុវត្តទៅតាមគោលការណ៍ដែលយើងបានឯកភាពគ្នា ដើម្បីឲ្យយើងប្រកួតប្រជែងមិនហត់ អាចធ្វើផែនការដោយងាយស្រួល បង្កើតភាពទុកចិត្តរវាងរដ្ឋ និងរដ្ឋ រវាងវិស័យឯកជន និងវិស័យឯកជន
សម្ដេចធិបតី មានប្រសាសន៍ថា ដើម្បីធានាបាននូវអនុលោមភាពនេះ ក៏ទាមទារឲ្យមានការចូលរួមយ៉ាងស្អិតរមួតរវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល សំដៅបង្កើតបាននូវភាពជឿទុកចិត្តគ្នាទៅវិញទៅមក ទាំងវិស័យឯកជន និងវិស័យឯក ទាំងស្ថាប័នរដ្ឋ ជាមួយស្ថាប័នរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់សមាគមដែលបានបង្កើតឡើងនៅទៀតសោទ នៅពេលដាក់ចេញគោលការណ៍រួមហើយនោះ គ្រប់សមាជិកទាំងអស់ត្រូវតែអនុវត្តឲ្យបានព្រមៗគ្នា និងត្រឹមត្រូវតាមអ្វីដែលបានកំណត់ ដើម្បីធានានូវនិរន្ដ៍ភាពរបស់សមាគម ព្រោះមិនដូច្នេះទេសមាគមនោះនឹងបែកបាក់ជាក់ជាមិនខានឡើយ។
សម្ដេចធិបតី លើកឡើងថា ប្រសិនបើសមាគមមួយ គ្រប់សមាជិកទាំងអស់អនុវត្តតាមព្រមៗគ្នា នោះអ្នកដែលចូលតាមក្រោយក៏ងាយស្រួលក្នុងការបំពេញកិច្ចការងារ ដោយហេតុថា មានបទដ្ឋានមួយច្បាស់លាស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដើម្បីធានានិរន្ដរ៍ភាពនៃការធ្វើធុរកិច្ច មិនអាចត្រឹមតែស្ថាប័នរដ្ឋចាំតែចាប់កំហុសនោះទេ ពោលស្ថាប័នរដ្ឋត្រូវតែមានតួនាទីគាំទ្រ មិនមែនគ្រាន់តែចាំផាកពិន័យនោះទេ។ សម្ដេចធិបតី មិនចង់លឺពាក្យ រដ្ឋចាំតែផាក ចាំតែចាប់នោះទេ ផ្ទុយទៅវិញ សម្ដេចចង់បានភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក។
សម្ដេចធិបតីសង្កត់ធ្ងន់ថា វិស័យឯកជន និងស្ថាប័នរដ្ឋ ត្រូវតែរួមគ្នាបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយភាពទាក់ទាញ និងប្រកួតប្រជែង ហើយប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលវិនិយោគិនចង់មករកស៊ីបណ្ដាក់ទុន សំដៅជំរុញឲ្យវិស័យឯកជន កាន់តែមានការរីកចម្រើនបន្ថែមទៀត៕