សម្តេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស
ភ្នំពេញ៖ ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានកំណត់ទិសដៅធំបំផុតទៅលើ«ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេសរបស់ខ្លួន ដែលក្នុងនោះ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិសដៅនេះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ច មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ តាមរយៈការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ច ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ទៅលើគ្រប់វិស័យរួមមាន ទាំងវិស័យវប្បធម៌ សិល្បៈ និងអប់រំជាដើម ដែលទំនាក់ទំនងទាំងនេះ នឹងធ្វើឱ្យទំនាក់ទំនងប្រទេសនិងប្រទេសកាន់តែរឹងមាំមួយកម្រិតថែមទៀត ៕