ក្រសួងបរិស្ថាន គាំទ្រសកម្មភាពរួមចំណែកឆ្លើយតបនឹងភាពស្អាតនៅក្នុងសង្គមកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថានគាំទ្រយ៉ាងទូលំទូលាយ ចំពោះដៃគូទាំងអស់ដែលធ្វើការក្នុងវិស័យបរិស្ថាន ឆ្លើយតបជាពិសេសនឹងភាពស្អាតក្នុងសង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយ ក្រុមការងារយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងអ្នកសារព័ត៌មាន នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្ត្រភាពស្អាត មានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក។ ចំពោះភាពស្អាតលើផ្ទៃដី គឺភាពស្អាតដែលកើតចេញពីសណ្តានចិត្ត របស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សចំនួន ៨លាននាក់ ចូលរួមយ៉ាងក្លៀវក្លា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានបណ្តុះគំនិតឱ្យកុមារស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាតនេះ ដែលមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើខាងក្រៅខ្លួនមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នៅពេលនេះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា បានទទួលជោគជ័យ គឺជាមោទនភាពរបស់កម្ពុជាយើង។ យុទ្ធនាការបានឈានដល់ ជំហានទី២ ដែលជំរុញឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ សម្រេចចិត្តចេញមកសម្អាតផ្ទះ ភូមិឋាន ការរៀបចំបែងចែកសំរាម និងទុកដាក់សំរាម ទៅតាមប្រភេទសំរាម។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីភាពស្អាត ឱ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក ការសំអាត់អនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០» ដែលនោះហើយ គឺធ្វើឱ្យកម្ពុជាបង្ហាញភាពស្អាតលើឆាកអន្តរជាតិ រួមមាន ៖ ភាពស្អាតរបស់កម្ពុជាជាមួយដៃគូ ភាពស្អាតរបស់កម្ពុជាក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជាលើសកលលោក។
សូមបញ្ជាក់ថា យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំបង្កើតនិងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោលើមុំយុទ្ធសាស្រ្តអាទិភាពចំនួន៣ គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់ ៕