ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្វាយសារថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៧១ ឈានចូល ៧២ព្រះវស្សា
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្វាយសារថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៧១ ឈានចូល ៧២ព្រះវស្សា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្តែងគារវកិច្ច ក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង បើតាង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយអភិសិ ក្នុងឱកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។
ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទក្រាបបង្គំសម្តែងថ្វាយនូវអំណរសាទរ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែល ជានិច្ចកាល ព្រះអង្គតែងយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ ជាតិមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្តិដ៏ឧត្តុង្គឧត្តមបំផុត ។ ក្រោមព្រះរាជតម្រិះដឹកនាំ ប្រកបដោយ ព្រះរាជគំរូវីរភាពដ៏អង់អាចមោះមុត និងព្រះរាជទសពិធរាជធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ បានរស់នៅដោយសុខដុមក្នុងសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី និងវិបុលភាព ។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី មានទេវតារក្សា ព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់នៃសុខសន្តិភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តដល់ ប្រជារាស្ត្រខ្មែរបានរស់នៅដោយត្រជាក់ត្រជំសុខដុមរមនាជានិរន្តរ៍តរៀងទៅ ។
សូមព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំ ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕