ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជួបទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យអប់រំ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយ លោក Fabrice ETIENNE ភារធារីនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
ជំនួបពិភាក្សានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការភាសាបារាំងនៃក្រសួងអប់រំ យុវជន និងកីឡា និងតំណាងស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួបពិភាក្សានេះ បានផ្ដោតសំខាន់លើការពិនិត្យលើការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការរវាង ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំនៅកម្ពុជានាពេលកន្លងមក និងការពិភាក្សាអំពីលទ្ធភាពក្នុងការរៀបចំគម្រោងបន្ថែមទៀតនាពេលអនាគត សំដៅបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យអប់រំ យុវជន និងកីឡា រវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា។