ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តប្រឡាយមេហនុមាន ក្នុងខេត្តតាកែវ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រឡាយមេហនុមាន ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
សូមជម្រាបថា ការងារថែទាំជាប្រចាំប្រឡាយមេហនុមានរួមមាន៖ ១)ថែទាំប្រឡាយមេចំនួន ៤ខ្សែ សរុបប្រវែង ២២,០៩៨ម៉ែត្រ និងទី២)ថែទាំសំណង់សិល្បិការ្យ(តូច-ធំ) សរុបចំនួន ៧២កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកចំនួន ១១កន្លែង (ទ្វារ២២សន្លឹក) សំណង់លូចែកចាយទឹកចំនួន ២៨កន្លែង (ទ្វារ២៨សន្លឹក) សំណង់ស្ពានឆ្លងកាត់ចំនូន ៥កន្លែង និងសំណង់លូដោះទឹកចំនួន ២៨កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់លើការងារថែទាំប្រឡាយមេ និងការងារជួសជុសថែទាំសំណង់សិល្បការ្យដែលមាន ប្រកបដោយគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តហនុមាន ទទួលប្រភពទឹកពីបឹងទន្លេបាទី និងមួយភាគទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានសក្តានុពលសម្រាប់បម្រើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១,៨២៩ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ១៧៣ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ១៧៣ហិកតា និងដំណាំរួមផ្សំផ្សេងចំនួន ២៣៥ហិកតា ជូនប្រជាពលរដ្ឋក្នុងឃុំចំនួន០៥ នៃស្រុកបាទី រួមមានឃុំកណ្តឹង ឃុំចំប៉ី ឃុំត្នោត ឃុំពារាម និងឃុំចំបក់ ខេត្តតាកែវ ៕