ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្ដរជាតិ” ចំនួន០២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្ដរជាតិ” នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅចំនួន០២ថ្ងៃពេញ ចាប់ផ្តើមពីថ្ងៃទី៩ រហូតមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងដោយក្តីជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ពិធីការជាតិ និងអន្តរជាតិ” រយៈពេល០២ថ្ងៃនេះ នឹងអាចយកចំណេះ ជំនាញ ដែលទទួលបានតាមរយៈវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបដិសណ្ឋារកិច្ចជាតិ និងអន្តរជាតិនានា និងបន្តចែករំលែកនូវចំណេះដឹងទាំងនេះ ទៅដល់មន្ត្រី និងបុគ្គលិកនៅតាមនាយកដ្ឋានរៀងៗខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ព្រមទាំងពង្រឹងលើការផ្តល់សេវាសាធារណៈជូនសមាជិក ប.ស.ស. និងសាធារណជន ឱ្យកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើឱ្យ ប.ស.ស. ក្លាយជាស្ថាប័នឈានមុខនៅកម្ពុជាក្នុងការបម្រើសេវាសាធារណៈ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. ជាសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ពិធីការជាតិ និងអន្ដរជាតិ” ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ឥន សុផល អនុប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាក្រុមការងារដែលបានសហការ និងសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះឡើង ប្រកបដោយភាពរលូន និងការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្ដរជាតិ” គឺជាវគ្គបណ្តុះបណ្តាលដំបូង ដែល ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឡើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀបចំកម្មវិធីបដិសណ្ឋារកិច្ចជាតិ និងអន្តរជាតិនានាប្រកបដោយភាពត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់ និងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះផងដែរ ៕