ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់គ្រប់រូប, ជាអង្គបោះឆ្នោត, ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា, ពិសេស បានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន, ប្រធាន គណបក្ស, ធ្វើជាប្រធានព្រឹទ្ធសភា ផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាលបានបញ្ជាក់ថាក្នុងរយៈពេល ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ប្រធានគណបក្ស, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, និង ស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា មិនតែប៉ុណ្ណោះ, កម្ពុជា បានផ្លាស់ប្តូរ មុខមាត់ថ្មីឡើងវិញ, បានកសាងនូវមូលដ្ឋានគ្រឹះរឹងមាំនៃសេដ្ឋកិច្ចជាតិ សម្រាប់ការអភិវឌ្ឍ និង បានលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនទូទាំងប្រទេស តាមរយៈ៖ ១).ការពង្រីកនិង ការបង្កើន ជាបន្តបន្ទាប់ នូវពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម, រួមទាំងការធ្វើពិពិធកម្ម ទីផ្សារ និង ទំនិញ, ព្រមទាំងការពង្រឹង និង ការពង្រីកការធ្វើសមា-ហរណកម្មសេដ្ឋកិច្ច និង ការជំរុញបន្ថែមនូវការតភ្ជាប់ ក្នុងតំបន់; ២).ការជំរុញ និង ការទាក់ទាញបន្ថែម នូវការវិនិយោគផ្ទាល់ពីបរទេស តាមរយៈការកែលម្អនូវបរិយាកាស ធុរកិច្ច និង ការវិនិយោគ; ៣).ការពង្រឹង និង ការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់, ស្ពាន, ប្រឡាយទឹក និង បណ្តាញអគ្គិសនី ។ល។ ដើម្បីលើកកម្ពស់ ការ-តភ្ជាប់ និង ភាពប្រកួតប្រជែង; ៤).ការបន្តអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និង បង្កើនផលិតភាព; និង ៥).ការកែទម្រង់ស្ថាប័ន និង ការពង្រឹងអភិបាលកិច្ច ជាប់ជាប្រចាំ ដើម្បីធានានូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្តថា ឈរលើមូលដ្ឋាននេះ, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់, និង ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានគណបក្ស, ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល, ប៉ុន្តែ អនុវត្តតាមបរិការណ៍ក្នុងប្រទេស», រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បាន និង កំពុង បន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា, និង ជាពិសេស, ចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលផុសឡើង, ក្នុងបរិការណ៍នៃការផ្លាស់ប្តូរ យ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ច តំបន់ និង សកល ។ ក្នុងគោលដៅនេះ, រាជ- រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដោយកំណត់យកនូវ ឤទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា ។
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល គូសបញ្ជាក់ថា ក្នុងរយៈពេលជាង ៨ ខែនៃការចាប់ផ្តើមអាណត្តិការងាររបស់ខ្លួន, រាជរដ្ឋាភិបាល, ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និង ថាមភាព របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី, កម្ពុជាសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាច្រើន នៅតាមគ្រប់វិស័យ នៃជីវភាពសង្គម ជាអាទិ៍៖ ទី១).ការធានាបានយ៉ាងប្រសើរនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, និង សណ្តាប់ធ្នាប់សាធារណៈ; ទី២).ការធានាបានល្អនូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព និង ភាពអនុគ្រោះ សម្រាប់សកម្មភាពអាជីវកម្ម និង ការរស់នៅរបស់ប្រជាជន; ទី៣).ការទាក់ទាញការវិនិយោគ និង ការជំរុញលើកកម្ពស់ សកម្មភាពធុរកិច្ចក្នុងប្រទេស; ទី៤).ការបន្តផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការអភិវឌ្ឍមូលធនមនុស្ស ដែលជា អាទិភាពគន្លឹះទី ១ នៃ យុទ្ធសាស្ត្របញ្ចកោណ; ទី៥).ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ រួមបញ្ចូលនូវ ផ្លូវ, ទឹក, ភ្លើង, និង ប្រព័ន្ធឌីជីថល, ក្នុងនេះ បញ្ចូលទាំងការប្តេជ្ញាចិត្តឥតរាថយ ក្នុងការសាងសង់ «ព្រែកជីក ហ្វូណន-តេជោ» ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក, ដែលបច្ចុប្បន្ន, គម្រោងជាប្រវត្តិសាស្រ្តនេះ បានទទួលការគាំទ្រពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និង បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាមួយ; និង ទី៦).ការកែទម្រង់អភិបាលកិច្ច និង ស្ថាប័ន សំដៅលើក-កម្ពស់គុណភាព និង ប្រសិទ្ធភាពនៃសេវាសាធារណៈ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមថា លើមូលដ្ឋាននៃកិច្ចប្រឹងប្រែងយ៉ាងសកម្ម និង ប្រកបដោយភាពបុរេសកម្មទាំងអស់នេះ, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៣ កន្លងទៅ ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ក្នុងអត្រាប្រមាណ ៥%, ហើយសម្រាប់ឆ្នាំ ២០២៤ នេះ, ត្រូវបានព្យាករណ៍ថា នឹងបន្តស្ទុះឡើង ក្នុងអត្រាកំណើនប្រមាណ ៦% ដោយសារការត្រលប់ទៅរកភាពល្អឡើងវិញនៃ សេដ្ឋកិច្ចសកល, ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, ស្របពេល ដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាស្ថិរភាព និង និន្នាការល្អគួបផ្សំជាមួយនឹងការខិតខំយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តគោលនយោបាយ និង យុទ្ធសាស្រ្តនានារបស់ខ្លួន, ពិសេស ការស្តារវិស័យចន្ទល់កំណើនដែលមានស្រាប់, ក៏ដូចជា ការលើកកម្ពស់វិស័យសក្តានុពលថ្មីមួយចំនួនទៀត, រួមទាំងការវិនិយោគលើសហគ្រាសធុនមីក្រូ, តូច, និង មធ្យម, និង ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានក្រើនរំលឹក និង ស្នើសុំឱ្យថ្នាក់-ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់, គណបក្ស ក៏ដូចជារដ្ឋបាល ខេត្ត, ក្រុង/ស្រុក និង ឃុំ/សង្កាត់ បន្តសហការជិតស្និទ្ធ ជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការងារជាអាទិភាពមួយចំនួន ដូចខាងក្រោម៖១.ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនសកម្មភាពចុះបំពេញការងារ នៅតាម មូលដ្ឋានរៀងៗខ្លួន ជាប់ជាប្រចាំ ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង/ស្រុក ឆ្នាំ ២០២៤ កាន់តែខិតជិតមកដល់ ដោយមិនត្រូវធ្វេសប្រហែស ឡើយ ។ ចាប់ពីពេលនេះទៅ, យើងទាំងអស់គ្នា ត្រូវបន្តយកកម្លាំងកាយ-ចិត្ត និង ប្រាជ្ញា-ស្មារតី ព្រមទាំងចូលរួមបរិច្ចាគធនធាន និង ថវិកា ដើម្បីគាំទ្រដល់សកម្មភាពចាំបាច់នានា និង ដើម្បីចិញ្ចឹមចលនានៅតាមមូលដ្ឋាន ឱ្យបានជាប់ជាប្រចាំ និង កាន់តែសកម្ម ។ រាល់សកម្មភាពដែលយើងធ្វើ ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ត្រូវផ្តោតលើ ការធានាឱ្យបាននូវជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ជូនគណបក្សប្រជាជនកម្ពុជាយើង, ពោលគឺ យើងត្រូវបន្តអនុវត្តនូវគ្រប់តួនាទី និង ភារកិច្ច, ផែនការសកម្មភាព និង ការងារ ជាអាទិភាពទាំងឡាយ ដែលត្រូវបានដាក់ចេញរួចហើយ; ត្រូវរក្សាឱ្យបានគត់មត់ នូវសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងរឹងមាំ; និង ត្រូវគោរពតាមច្បាប់, បទបញ្ជា, នីតិវិធី និង គោលការណ៍ណែនាំទាំងឡាយ សំដៅដណ្តើមប្រៀបឈ្នះ ជូនគណបក្សប្រជាជនកម្ពុជាយើង នៅក្នុងការ-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង/ស្រុក ឆ្នាំ ២០២៤ តាមការគ្រោងទុក ។ ២.ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/ស្រុកទាំងអស់ទូទាំងខេត្ត ត្រូវសហការជិតស្និទ្ធជាមួយប្រធានគណបក្សក្រុង/ស្រុក បន្តចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ និង ពិនិត្យលទ្ធភាពផ្តល់នូវការ-ឧបត្ថម្ភលើកទឹកចិត្ត ដល់សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ នៅតាមក្រុង/ស្រុករៀងៗខ្លួន ឱ្យបានចប់សព្វគ្រប់នៅមុនយុទ្ធនាការឃោសនាបោះឆ្នោត ព្រមទាំង ចូលរួមជួបជាមួយអង្គបោះឆ្នោតនៅតាមក្រុង/ស្រុកនីមួយៗ ក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខ ។៣.ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់, ទាំងក្រុមការងារគណបក្សចុះមូលដ្ឋាន និង គណៈកម្មាធិការបក្សខេត្ត, ក្រុង/ស្រុក, និង ឃុំ/សង្កាត់, ត្រូវសហការជិតស្និទ្ធ និង យក-ចិត្តទុកដាក់រៀបចំពិធីឃោសនាបង្ហាញមុខបេក្ខជនឈរឈ្មោះបោះឆ្នោត, ជាពិសេស ពិធីបើកយុទ្ធនាការ និង ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ឱ្យបានឱឡារិក ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ដែលខ្ញុំបានផ្តល់ជូនរួចហើយ ។៤.ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់, ទាំងក្រុមការងារគណបក្សចុះមូលដ្ឋាន និង គណៈកម្មាធិការបក្សខេត្ត, ក្រុង/ស្រុក, និង ឃុំ/សង្កាត់, ត្រូវបន្តសហការជិតស្និទ្ធ ដើម្បី ចូលរួមអនុវត្តសេចក្តីសម្រេច លេខ ១៩១ សសរ ចុះថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះ-ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្តិទី ៤ ឆ្នាំ ២០២៤, ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ តាមសមត្ថកិច្ចរៀងៗខ្លួន, ចាប់ពីពេលនេះតទៅ រហូតដល់ពេលឃោសនាបោះឆ្នោត, ពេលបោះឆ្នោត និង ពេលរាប់សន្លឹកឆ្នោត, សំដៅសម្រេចឱ្យបាននូវលទ្ធផល តាមការគ្រោងទុករបស់គណបក្ស, ពោលគឺ ត្រូវខិតខំរក្សាសំលេងគាំទ្រគណបក្ស យ៉ាងហោចណាស់ ឱ្យបានគ្រប់តាមចំនួនសមាជិកបក្សដែលជាអង្គបោះឆ្នោត ឬ បានលើស ដូចលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ជាពិសេស ត្រូវរក្សាឱ្យបានដាច់ខាតនូវតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង/ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាលនៃយើង ។៥.ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ, សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់, ជាអង្គបោះឆ្នោតគ្រប់រូប របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្តាល, ទាំង ៧២៧ រូប ដែលមានវត្តមាននៅទីនេះ, ត្រូវទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជា ទាំងអស់គ្នា!
ក្នុងទិសដៅនេះ, គណៈកម្មាធិការបក្សក្រុង/ស្រុក និង ឃុំ/សង្កាត់ ត្រូវបន្តសហការជិតស្និទ្ធ ជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ គ្រប់គ្រងសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមូលដ្ឋានរៀងៗខ្លួន, ខិតខំដោះស្រាយរាល់សំណូមពរចាំបាច់នានា, ធ្វើបច្ចុប្បន្នភាពសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សយើង, ជាពិសេស យកចិត្តទុកដាក់ចំពោះសុខភាពរបស់អង្គបោះឆ្នោតដែលមានវ័យជរា ។ និង៦.រដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ខ្ពស់ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ, ជាពិសេស នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង/ស្រុក អាណត្តិទី ៤ នាពេលដ៏ខ្លីខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព តាមការគ្រោងទុក ។ ទន្ទឹមនេះ, ក៏ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិ-ភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ៕