សម្ដេចធិបតី៖ ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន។
យោងតាមរយៈសារលិខិតជូនពររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងមានជំនឿទុកចិត្ត»។
សម្ដេចធិបតី បន្ដថា គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ ការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំង នគរបាលជាតិក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការរក្សាបាននូវស្ថិរភាពសន្តិសុខ ផ្ទៃក្នុង ការបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបានប្រក្រតីកម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិ សំខាន់ៗជាប្រវត្តិសាស្ត្រ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានដំណើរការប្រកបដោយសុវត្ថិភាព ទាំងស្រុង ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ក្នុងនាមរាជរដ្ឋាភិបាល, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ ត្រចះត្រចង់ទាំងអស់នោះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិទាំង អស់ឲ្យខិតខំបន្តស្មារតីតស៊ូ អធន យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ដែលជាបុរេលក្ខណៈមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕