ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះភិក្ខុរតនលង្ការោ បូរ សារីម ព្រះចៅអធិការវត្តក្រសាំងមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចស្រពសុគន្ធវារី ពុទ្ធាពិសេក និងអភិសេកធាតុ ប្រកាសនីយប័ត្រតែងតាំង ប្រគេនព្រះភិក្ខុរតនលង្ការោ បូរ សារីម ឡើងទីជាព្រះគ្រូរតនសីលញាណ និងឡើងទីជាព្រះចៅអធិការវត្តក្រសាំងមានជ័យ ព្រះសមុហ៍អនុគុណស្រុកកំពង់ស្វាយ។
ពិធីនេះប្រព្រឹត្តទៅនៅវត្តក្រសាំងមានជ័យ ក្នុងភូមិក្រសាំង(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការនិមន្តចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកព្រះចតុម្មុមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ពហុវុឌ្ឍា ម៉ែន នារីវុឌ្ឍី ហូសិទ្ធី អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ សិស្សានុសិស្ស និងពុទ្ធបរិស័ទ ជាច្រើនអង្គ/នាក់។
ពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះភិក្ខុរតនលង្ការោ បូរ សារីម គឺដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេនព្រះអង្គ បន្ទាប់ពីត្រូវបានតែងតាំងឡើងទីជាព្រះគ្រូរតនសីលញាណ និងជាព្រះចៅអធិការវត្តក្រសាំងមានជ័យ ព្រះសមុហ៍អនុគុណស្រុកកំពង់ស្វាយ ដើម្បីបានដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទឱ្យមានការប្រតិបត្តិល្អក្នុងព្រះពុទ្ធសាសនា គោរពតាមពុទ្ធោវាទ។
ព្រះភិក្ខុរតនលង្ការោ បូរ សារីម ជាព្រះថេរៈបរិបូរណ៍ទៅដោយគុណវុឌ្ឍិដ៏ប្រពៃថ្លៃថ្លា ព្រមជាមួយព្រហ្មវិហារធម៌ សង្គហធម៌ និងជាព្រះថេរៈមានឧបការច្រើន ក្នុងការអប់រំទូន្មានប្រៀនប្រដៅតាមមាគ៌ាព្រះពុទ្ធសាសនា ដល់ពុទ្ធបរិស័ទ និងបានលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមកសាងសមិទ្ធផលផ្សេងៗ ដល់សង្គមជាតិ និងសាសនា។
ក្នុងឱកាសនោះដែរ ក៏មានការចែកអំណោយដល់សីលវន្ត សីលវតី និងសម្ភារៈសិក្សាដល់សិស្សានុសិស្សផងដែរ ៕