រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថនរោត្តម សីហមុនី
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ៧១ ព្រះវស្សាយាងចូល ៧២ ព្រះវស្សា ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំជាខ្ញុំតាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង និង ប្រជារាស្រ្តទូទាំងខេត្តកំពង់ស្ពឺ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្ខំអភិវន្ទថ្វាយព្រះបរមរាជានុញ្ញាតសម្តែង នូវអំណរសាទរឥតឧបមា និងសូមក្រាបបង្ខំអភិវន្ទថ្វាយនូវព្រះ សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់បែបយ៉ាងប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះជាតិ សាសនា និងប្រជារាស្ត្ររបស់ព្រះអង្គ៕