ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំកសាងផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានផ្លូវលំជនបទ បានរៀបចំកិច្ចប្រជុំកសាងផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋានផ្លូវលំជនបទ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសរុបចំនួន ៨៣នាក់។
ការិយាល័យជំនាញនៃនាយកដ្ឋានផ្លូវលំជនបទ បានធ្វើបទបង្ហាញស្តីពីទិន្នន័យផែនការបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ និងផែនការផ្លូវមេជនបទ រួមមាន ការងារថែទាំប្រចាំ ថែទាំខួប និងជួសជុលបន្ទាន់ តាមបណ្តារាជធានី-ខេត្តទាំង២៥។
ជាលទ្ធផលស្មារតីអង្គប្រជុំបានណែនាំបន្ថែមដល់គ្របមមន្ទីរជំនាញឱ្យរៀបចំតារាងជ្រើសរើសខ្សែផ្លូវឡើងវិញ ក្នុងកិច្ចប្រជុំលើកទី២ ដោយ៖
-ត្រូវយកផែនការមេជាគោល
-ត្រូវជ្រើសរើសខ្សែផ្លូវដែលមានអត្ថប្រយោជន៍ដល់សង្គម
-ត្រូវមានរៀបចំបទបង្ហាញតាមខេត្តនីមួយៗ
-ផែនការទាំងនោះត្រូវទទួលបានការឯកភាពពីគណៈអភិបាលរាជធានី ខេត្ត និងធ្វើការផ្ទៀងផ្ទាត់ជាមួយផែនការមេរបស់ក្រសួង និងភ្ជាប់ Track ខ្សែផ្លូវ អោយបានត្រឹមត្រូវ ៕