ជនសង្ស័យ៣៧៨នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ
ភ្នំពេញ៖ ក្នុងរយៈពេល ៦ថ្ងៃ មកនេះ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម ក្នុងនោះមានជនសង្ស័យចំនួន ៣៧៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ល្បែងសុីសង ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀត។
ចំណែកនៃជនសង្ស័យសរុប អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា មានជនសង្ស័យចំនួន ២៣០នាក់ ត្រូវបាននគរបាលឃាត់ខ្លួនក្នុងករណីបទល្មើសគ្រឿងញៀនផ្សេងៗគ្នាចំនួន ៩១ករណី ភាគច្រើនជាករណីជួញដូរ រក្សាទុក និងប្រើប្រាស់ទ្រង់ទ្រាយតូច ខណៈបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ មាន ១ករណី នៅខេត្តព្រះសីហនុ ដោយសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ១នាក់ ដកហូតគ្រឿងញៀនជាង ៥៨គីឡូក្រាម និងអាវុធ១ដើម។
ក្រៅពីបទល្មើសគ្រឿងញៀន លោក ទូច សុឃៈ (សុខៈ) បានលម្អិតបន្ថែមពីករណីលេងល្បែងសុីសង ខុសច្បាប់ ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌនានា ក្នុងនោះ សម្រាប់បទល្មើសព្រហ្មទណ្ឌ ដូចជាករណីលួច ហិង្សា រំលោភ មនុស្សឃាតដោយអចេតនា ឆក់ ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ មានចំនួន ៣២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥០នាក់ ករណីក្មេងទំនើងមាន ២៨ករណី ឃាត់ខ្លួនជនសង្ស័យ ៥១នាក់ និងករណីល្បែងសុីសងមាន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ ក្នុងនោះមានខ្លះបានធ្វើកិច្ចសន្យាអប់រំកែប្រែ និងខ្លះទៀតបញ្ជនទៅតុលាការ។
ការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឱឡារិក ដាក់ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានេះ ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាព ៦ចំណុច ដែលត្រូវធានាអនុវត្តឱ្យបានជោគជ័យនិងប្រកបដោយប្រសិទ្ធភាព ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕