ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំខ្ញុំ សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។ នាឱកាសប្រកបដោយសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីព្រះកម្លាំង ព្រះកាយពល និងព្រះបញ្ញាណ បំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ។ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់ទេវតា គុណបុណ្យព្រះរតន ត្រ័យកែវទាំងបីវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោ ភាពតរៀងទៅ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ ៕