ទូតកាណាដាប្រចាំកម្ពុជា បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ពិសេសលើវិស័យពាណិជ្ជកម្មដែលមានភាពសកម្ម និងការវិនិយោគល្អ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Ping M. Kitnikone ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបង្ហាញសុទិដ្ឋិនិយមចំពោះសុខសន្តិភាព ស្ថេរភាព និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កាណាដា-កម្ពុជា ពិសេសលើវិស័យពាណិជ្ជកម្មដែលមានភាពសកម្ម និងការវិនិយោគល្អ ជាឧទាហរណ៍ជាក់ស្ដែងដូចជាធនាគារ ABA របស់ប្រទេសកាណាដាជាដើម។
បន្ថែមពីនេះ លោកជំទាវ បានលើកឡើងអំពីការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តរក្សាបានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាតភ្ជាប់ទៅក្នុងក្របខណ្ឌតំបន់ ដូចជាការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាជាដើម។
ឆ្លើយតបលើការលើកឡើងនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសកាណាដាដែលបានរួមចំណែកជួយដល់កម្ពុជា ក្នុងការកសាងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ដោយចំណុចសំខាន់ៗដែលអាចឱ្យចក្ខុវិស័យនេះអាចសម្រេចទៅបាន អាស្រ័យលើកម្ពុជាត្រូវពង្រឹងធនធានមនុស្ស ក៏ដូចជាពង្រីកការវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ ពិសេសលើវិស័យឧស្សាហកម្ម ដូចជាយានយន្ត គ្រឿងអេឡិកត្រូនិក គ្រឿងបង្គំ និងការកែច្នៃម្ហូបអាហារជាដើម ដើម្បីធ្វើពិពិធកម្មឧស្សាហកម្ម ពង្រឹងសមត្ថភាពជំនាញ ព្រមទាំងបង្កើតតម្លៃបន្ថែមសម្រាប់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តផែនការជាច្រើនលើគ្រប់វិស័យ រួមទាំងការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥លាននាក់ជាដើម និងសម្រាប់ក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចការងារគោះទ្វារវិនិយោគ និងការទាក់ទាញក្រុមហ៊ុនដែលមានសក្ដានុពលក្នុងប្រទេសនានាលើសកលលោក គឺជាបេសកកម្មសំខាន់ដែលស្ថាប័នបាននិងកំពុងអនុវត្តផងដែរ៕