រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា សូមឲ្យព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តខ្មែរ។
ពិធីនេះប្រព្រឹត្តិទៅនៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ និងមន្ត្រីរាជការ។
នាឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអញ្ជើញអានសារថ្វាយព្រះពរជូនដល់ព្រះអង្គ ដោយមានខ្លឹមសារ និងអត្ថន័យថា: សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ទូលព្រះបង្គំយើងខ្ញុំតំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំង ខេត្តត្បូងឃ្មុំ និងក្នុងនាមទូលព្រះបង្គំផ្ទាល់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយ វាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវសព្វសាធុការពរជ័យ សិរីមហាមង្គល ប្រកបដោយព្រះមហាករុណា ទិគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏ថ្លៃថ្លាវិសេសវិសាលនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
ទូលព្រះបង្គំ យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ បវ័រសួស្តី សិរីវឌ្ឍនាមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណកាន់តែភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមថ្វាយព្រះរាជមហា កុសលចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ដើម្បីព្រះអង្គគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ប្រទានពរប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលូតរបស់ព្រះអង្គជ្រកកោនដោយក្តីសុខដុមរមនាអស់កាលដ៏យូរអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ បំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកប ដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជាជន ព្រមទាំងកិច្ចការបរទេសរបស់ ព្រះមហាក្សត្រថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញ កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោស ប្រទានព្រះរាជទ្រព្យយ៉ាងច្រើន ជួយក្នុងវិស័យសុខុមាលភាពរបស់ប្រជាជន៍រយៈពេលកន្លងមក។
សូម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏
ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ៕