រុស្ស៊ីត្រៀមខ្លួនរួចហើយ បើលោកខាងលិចចង់ដោះស្រាយសង្រ្គាមអ៊ុយក្រែននៅលើសមរភូមិ
បរទេស៖ ប្រសិនបើលោកខាងលិចចង់ប្រយុទ្ធដើម្បីអ៊ុយក្រែននៅលើសមរភូមិ រុស្ស៊ីត្រៀមខ្លួនសម្រាប់វា នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីស្តីទីលោក Sergei Lavrov ត្រូវបានដកស្រង់សម្តីដែលបានឲ្យដឹងកាលពីថ្ងៃចន្ទ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោក Sergei Lavrov ថាវាជាសិទ្ធិរបស់ពួកគេ ប្រសិនបើពួកគេចង់ឱ្យវាស្ថិតនៅលើសមរភូមិ វានឹងស្ថិតនៅលើសមរភូមិ។
រុស្ស៊ីបានបង្កើនការព្រមានអំពីគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអង្គការណាតូ ចាប់តាំងពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធមិនព្រមច្រានចោលនូវលទ្ធភាពដែលទាហានលោកខាងលិចអាចនឹងត្រូវបញ្ជូនទៅកាន់ទីនោះ។
វិមានក្រឹមឡាំងបានឲ្យដឹងកាលពីសប្តាហ៍មុនថាការបញ្ជូនទាហានណាតូចូលទៅក្នុងអ៊ុយក្រែនអាចមានសក្តានុពលគ្រោះថ្នាក់បំផុត ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា វាអាចនាំឱ្យមានសង្គ្រាមលោកលើកទីបី។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសអស់រយៈពេលពីរទសវត្សរ៍ បានកំពុងថ្លែងនៅក្នុងសវនាការសភាស្តីពីការតែងតាំងលោកឱ្យកាន់តំណែងនៅក្នុងរដ្ឋាភិបាលថ្មីដែលកំពុងត្រូវបានបង្កើតឡើងបន្ទាប់ពីលោកពូទីនបានចាប់ផ្តើមអាណត្តិប្រាំមួយឆ្នាំថ្មីនៅក្នុងខែនេះ។
ទីភ្នាក់ងារ RIA ក៏បានលើកឡើងពីលោក Sergei Lavrov ដែរថា ការចរចាសន្តិភាពលើអ៊ុយក្រែនដែលនឹងត្រូវធ្វើនៅក្នុងប្រទេសស្វីសនៅខែក្រោយដោយគ្មានការចូលរួមពីរុស្ស៊ីគឺជាឱសានវាទចំពោះក្រុងម៉ូស្គូ។
ទីភ្នាក់ងារនេះបានបន្តថា លោក Sergei Lavrov បានប្រៀបធៀបស្ថានភាពទៅនឹងការស្តីបន្ទោសចំពោះសិស្សសាលា ដែលជោគវាសនាត្រូវបានសម្រេចដោយគ្រូបង្រៀនខណៈពេលដែលលោកនៅក្រៅបន្ទប់។