ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស រួមដំណើរជាមួយ មេបញ្ជាការរងនាយសេនាធិការ ព្រមទាំងនាយទាហានជំនាញជាច្រើនរូបទៀតអញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់
បើតាម លោកវរសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេសបានឱ្យដឹងថាបច្ចុប្បន្នសាលាបាន នឹងកំពុងកសាងនូវសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ជាច្រើនហើយមានគំរោងសាងសង់សំណង់ អគារ២បន្ថែមទៀត មានអគារភេវរកម្ម និងអគារដាក់គ្រឿងចក្រ។
ចំពោះការងារហ្វឹកហ្វឺនរួមគ្នារវាងគ្រូមកពីប្រទេសឥណ្ឌូនេស៊ី ជាមួយគ្រូបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម និងគ្រូនៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ធ្វើឡើងនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់នាពេលនេះមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៤ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ទើបបញ្ចប់។
សមាសភាពចូលរួមហ្វឹកហ្វឺនរួមមាន គ្រូជនជាតិឥណ្ឌូនេស៊ី ៥នាក់ គ្រូបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្មចំនួន ១០នាក់ និងគ្រូបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២១នាក់សរុប ៣១នាក់ ដោយធ្វើការហ្វឹកហ្វឺនរួមគ្នាទាំងទ្រឹស្តី និងការអនុវត្តន៍បាញ់គ្រាប់ពិតផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមក លើមុខជំនាញសំខាន់ៗជាច្រើនទៀត។
លោកវរសេនីយ៍ឯក សុខ នូសាន្ត ក្នុងនាមនាយកសាលា និងជួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានផ្តាំផ្ញើដល់គ្រូយោធាចារ្យទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការហាត់រៀន ដើម្បីក្រេបយកចំណេះដឹងទាំងនេះទុកជាទុនក្នុងការបណ្តុះបណ្តាលយោធិនជំនាន់ក្រោយៗបន្តទៀត៕