ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមួយអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមួយអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា។
សាលាជាតិរដ្ឋបាល តំណាងដោយឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា តំណាងដោយ លោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិកាប្រចាំប្រទេសនៃអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគីពាក់ព័ន្ធការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ព្រមទាំងការអនុវត្តគម្រោងផ្សេងៗ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ព្រមទាំងនាយក នាយិកាប្រតិបត្តិនៃអង្គការជាដៃគូ សរុបប្រមាណ៥៨រូប៕