តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់
ភ្នំពេញ៖ នៅកិច្ចប្រជុំឆ្ពោះទៅកាន់ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ អង្គប្រជុំបានបង្ហាញថា បើតាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់។
កិច្ចប្រជុំនេះដឹកនាំ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីការប្រកាសលទ្ធផលនៃការប្រឡងវិញ្ញាសាសរសេរលើកទី១ បានចប់រួចរាល់។
កិច្ចប្រជុំព្រឹកនេះបានពិភាក្សាទៅលើមាតិកាសំខាន់ៗមួយចំនួនដូចជា៖ ១)ការរៀបចំទីតាំងមណ្ឌលនិងបន្ទប់ប្រឡង ២)ការរៀបចំវិញ្ញាសាប្រឡង ៣)ការរៀបចំសមាសភាព និងបែងចែកតួនាទី ការទទួលខុស ត្រូវដល់ក្រុមការងារ អនុគណៈកម្មការនីមួយៗ ៤)ការរៀបចំការផ្តត់ផ្គង់ ការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនបេក្ខជនក៏ដូចជាសាធារណជនជុំវិញការប្រឡងទាំងមូល និង ៥)ការពាក់ព័ន្ធផ្សេងៗទៀត។
សូមបញ្ជាក់ថា ការប្រឡងលើវិញ្ញាសាសរសេរលើកទី២ ដើម្បីជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) អនុលោម គោលការណ៍ដូចមានចែងស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្នុងចំណោមបេក្ខជនដែលនឹងចូលរួមប្រឡងប្រជែងចំនួន ១ ៣៧៩នាក់ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជ្រើសរើសយកបេក្ខជនជ័យលាភីចុងក្រោយចំនួន ៤៤១នាក់ ដើម្បីឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ជាគ្រូប្រងៀនអនុវិទ្យាល័យ៕