ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ សម្រាប់ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៤នេះនឹងត្រូវរៀបចំធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-៣០ ខែឧសភា ឆ្នាំ២០២៤។
ចំពោះខ្លឹមសារសមយុទ្ធ មានដូចជា ការហ្វឹកហាត់ទីបញ្ជាការដែលផ្តោតទៅលើការសិក្សារៀនសូត្រទ្រឹស្ដី ការសិក្សាការធ្វើផែនការប្រតិបត្តិការប្រយុទ្ធ ការហាត់សមបញ្ជាតាមដំណាក់កាលសេណារីយោ ការរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌ ការរៀបចំកិច្ចពិគ្រោះពិភាក្សាស្ដីពីប្រតិបត្តិការប្រឆាំងភេរវកម្មតំបន់ភ្នំ ប្រតិបត្តិការការប្រឆាំងការចាប់ជម្រិតលើសមុទ្រ និងប្រតិបត្តិការរួមគ្នារុករកសង្គ្រោះលើសមុទ្រ។ ចំពោះលំហាត់លើទីលាន គឺមានសមយុទ្ធលើគោក ដែលនឹងត្រូវហ្វឹកហាត់ជំនាញមូលដ្ឋាន (ការហាត់រៀនទ្រឹស្តី ការអនុវត្តជាក់ស្ដែង និងការបែងចែកជាក្រុមហ្វឹកហាត់) ការប្រើប្រាស់បរិក្ខារគ្មានមនុស្សបើក (Drone and Robot Dog) ការអនុវត្តប្រើប្រាស់កាំភ្លើងធំ ការអនុវត្តការប្រើប្រាស់អាវុធធុនស្រាល (បូករួមការបាញ់គ្រាប់ពិត) ការជួយសង្គ្រោះលើសមរភូមិ ការហ្វឹកហាត់រួមគ្នា និងការហ្វឹកហាត់រួមត្រៀមសម្តែងសមយុទ្ធ។ រីឯសមយុទ្ធលើសមុទ្រនឹងមានការហ្វឹកហ្វឺនរួមគ្នាលើជំនាញប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការចាប់ជម្រិតលើសមុទ្រ សកម្មភាពរួមគ្នាឆ្លើយតបនឹងភាពអាសន្ន សកម្មភាពពង្រាយរូបភាពរុករក សកម្មភាពចូលរំដោះដោយប្រដាប់អាវុធ សកម្មភាពសង្គ្រោះលើសមុទ្រ ដោយមានការសហការជាមួយកម្លាំងកងទ័ពជើងអាកាស ។ល។
ពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៏ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៏ទោ កៅ សីវឈឹង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ៕