រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ភ្នំពេញ៖ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដែលធ្វើឡើង នៅសាលប្រជុំ(ធំ) សាលាខេត្ត បន្ទាយមានជ័យ ។ពិធីនេះរៀបចំធ្វើនៅសាលប្រជុំធំសាលាខេត្ត បន្ទាយមានជ័យ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូប ។
ថ្លែងក្នុងកិច្ចបើកវគ្គបណ្តុះបណ្តាលនេះ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានថ្លែងថា៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង គតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ទៀតថា៖ ផ្អែកលើមូលដ្ឋានទាំងនេះ រាជរដ្ឋាភិបាលអាចកំណត់ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងការតម្រង់ទិស ច្បាស់លាស់សម្រាប់ការពង្រឹង និងជំរុញកំណែទម្រង់វិ មជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមុតស្រួច ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន ជាពិសេសការចូលរួមចំណែកដ៏មានសារសំខាន់ក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០។
សូមបញ្ជាក់ថា៖ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រេចការអនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ក្របខ័ណ្ឌនៃការរៀបចំវេទិកានេះត្រូវធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង ចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ ២០២៤នេះតទៅ។ ប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា៕