សម្តេចតេជោ ហ៊ុន សែន៖ មេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេចព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា មេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេច នរោត្តម សីហនុ ដែលបានជួយវៀតណាម រំដោះភាគខាងត្បូងវៀតណាមឈានទៅការឯកភាពវៀតណាមនោះឡើយ។
ក្នុងឱកាសដែលសម្តេចបានថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ បានមានប្រសាសន៍ថា កាលពីអតីតកាល មេដឹកនាំវៀតណាម ធ្លាប់បានជួយកម្ពុជា ក្នុងការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ប៉ុន្តែកម្ពុជាក៏បានជួយវៀតណាម ក្នុងការរំដោះភាគខាងត្បូងវៀតណាម ឈានទៅការឯកភាពវៀតណាមដែរ។ ហេតុនេះហើយទើបមេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានជួយដល់វៀតណាម កាលពីពេលនោះឡើយ។
សម្តចតេជោ ហ៊ុន សែន បញ្ជាក់ថា «មេដឹកនាំវៀតណាមធ្លាប់បានជួយខ្ញុំ ប៉ុន្តែជាមួយគ្នានេះ មេដឹកនាំវៀតណាមគ្រប់ជំនាន់តែងតែអរគុណចំពោះកម្ពុជា ទៅលើបញ្ហាដែលកម្ពុជាបានជួយវៀតណាមឱ្យរំដោះភាគខាងត្បូងវៀតណាមឈានទៅការឯកភាពវៀតណាម អ៊ីចឹងបានជាយើងដាក់ស្តូបអនុស្សាវរីយ៍ ដាក់អក្សរទាំងសងខាង វៀតណាមជួយកម្ពុជាទៅលើបញ្ហាអីខ្លះ កម្ពុជាជួយវៀតណាមទៅលើបញ្ហអីខ្លះ នេះជាពាក្យសំដីនៃសន្ទរកថារបស់ប្រធានរដ្ឋ ឬនាយករដ្ឋមន្រ្តីវៀតណាម គ្រប់ជំនាន់ដែលខ្ញុំបានធ្វើប្រាស្រ័យទាក់ទង គាត់មិនដែលចោលនូវការថ្លែងអំណរគុណសម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានជួយដល់វៀតណាម កាលពីពេលនោះ ប្រជាជនកម្ពុជាក៏បានជួយដល់វៀតណាមលក់ជាស្បៀងអាហារថ្នាំពេទ្យនៅតាមព្រំដែន រហូតទៅដល់អាមេរិកទម្លាក់គ្រាប់បែក ក្នុងទឹកដីកម្ពុជាទៀតផង»។