សម្តេចតេជោ៖ យើងត្រូវតែប្រឹងពង្រឹងឯករាជ្យភាព ផ្នែកសេដ្ឋកិច្ច និងនយោបាយ តែជាប្រទេសក្រីក្រពិតជាលំបាកណាស់ ដូច្នេះអ្វីដែលអាចធ្វើបានធ្វើចុះ ដើម្បីឯករាជ្យភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា យើងត្រូវតែប្រឹងប្រែងពង្រឹងឯករាជ្យភាពទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងគ្រប់ផ្នែកផ្សេងទៀត ប៉ុន្ដែជាការពិតវាពិតជាលំបាកណាស់ ក្នុងស្ថានភាពជាប្រទេសក្រីក្រ ដូច្នេះអ្វីដែលអាចធ្វើបានគឺត្រូវតែធ្វើ ដើម្បីឯករាជ្យភាពរបស់ប្រទេស។
ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំផ្ដាំហើយផ្ដាំទៀតថា ខិតខំពង្រឹងខ្លួនឡើង ឲ្យមានឯករាជ្យភាពទាំងនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងគ្រប់ផ្នែក ប៉ុន្ដែវាលំបាកធ្វើណាស់ ក្នុងស្ថានភាពនៃប្រទេសក្រីក្រ ប៉ុន្ដែអ្វីដែលយើងអាចធ្វើបានធ្វើចុះ ដើម្បីឯករាជ្យភាពរបស់ប្រទេស»។
សម្ដេចតេជោបន្ដថា «បើសួរត្រឡប់មកវិញថា ឥឡូវនេះមិនឯករាជ្យទេឬ? ចម្លើយគឺឯករាជ្យ ប៉ុន្ដែវាត្រូវពឹងគេ ឯករាជ្យពឹងទៅលើគេនេះហើយដែលលំបាក ខ្ញុំតែងតែនិយាយថា អុកស៊ីសែនដែលត្រូវបានគេយកមកដាក់ គេចង់ឲ្យក៏ឲ្យ គេមិនចង់ឲ្យក៏ផ្ដាច់។ ប្រទេសកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ បោះឆ្នោតក្នុងឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០ ក្នុងរយៈពេល១៦ឆ្នាំ តើពេលនោះកម្ពុជាយើងមានអ្វីខ្លះ លទ្ធភាពធ្វើបានប៉ុណ្ណឹង ក្នុងជំនាន់សម្ដេចឪរបស់យើង លទ្ធផលប៉ុណ្ណឹងគឺច្រើនណាស់ទៅហើយ ដែលទុកឲ្យកូនចៅជំនាន់ក្រោយបានទទួលផល ពីសន្ដិភាពតែខ្វះស្ថេរភាព»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «ម្ដេចបានខ្ញុំនិយាយថា សន្ដិភាពខ្វះស្ថេរភាពនេះ គឺក្នុងជំនាន់ព្រះករុណាបិតា សង្គមរាស្រ្ដនិយម ដោយសារតែមានពួកក្រហម, ពួកខៀវ, ពួកស ធ្វើបាបព្រះអង្គរដែរ ងាកទៅមើលខ្មែរក្រហមនៅពេញព្រៃ, ពួកខ្មែរខៀវនៅតាមព្រំដែនជាមួយថៃ ចំណែកពួកខ្មែរស នៅតាមព្រំដែនជាមួយវៀតណាម នេះនៅខាងក្នុងប្រទេស ក្រៅពីនោះក៏មានការទម្លាក់គ្រាប់បែកដោយអាមេរិក និងវៀតណាមខាងត្បូងតាមព្រំដែន នោះហើយដែលហៅថា សន្ដិភាព តែខ្វះស្ថេរភាព»។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា បន្ទាប់ទៅកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមក្នុងឆ្នាំ១៩៧០-១៩៧៥ ក្រោយរដ្ឋប្រហារ បន្ទាប់មកយើងធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ទម្រាំរើបំរាស់រួចពីរបបប្រល័យពូជសាសន៍ប៉ុលពត ត្រូវប្រើពេលប៉ុន្មានទៀត ដូច្នេះសូមមើលរូបភាពពីអតីតកាលឆ្នាំ១៩៧៩ តើយើងមានអ្វីខ្លះ? តើក្នុងស្ថានភាពពេលនោះ យើងត្រូវជីកព្រែក ឬត្រូវរកបាយឲ្យប្រជាជនទទួលទានសិន?។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ពេលនោះមិនដូចពេលបច្ចុប្បន្នឡើយ ពេលនោះគ្រាន់តែបញ្ហាផ្លូវជាតិ យើងមានត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ដែល៧ម៉ែត្រនេះគឺធំជាងគេ ដោយបានប្រឹងប្រែងជួសជុលថែទាំផ្លូវ៧ម៉ែត្រនោះ ដើម្បីដើរបន្ដដំណើរទៅមុខ ប៉ុន្ដែពេលនេះ៧ម៉ែត្រគឺទៅលែងរួចហើយ នៅទីក្រុងភ្នំពេញមានស្ពានអាកាស, ផ្លូវថ្នល់ខ្វាតខ្វែងនៅស្ទះចរាចរណ៍។
សម្ដេចតេជោ លើកឡើងថា ស្ថានភាពមិនដូចគ្នាទេ ពីមុនមិនមានលទ្ធភាពធ្វើឡើយ ដូច្នេះសូមស្គាល់ពីប្រវត្តិរបស់ខ្លួនឯង អ្នកនិយាយខ្លះក៏ធ្លាប់រស់នៅក្នុងរបបប៉ុលពតដែលម្ដេចបានមិនស្គាល់រឿង អ្នកភ្លេចប្រវត្តិសាស្រ្ដ ភ្លេចកំណើតដើមខ្លួនឯងនេះ មិនខុសពីមេអំបៅនោះឡើយ ដែលខ្លួនកើតចេញពីដង្កូវ តែទីបំផុតទៅខ្ពើមរអើមសត្វដង្កូវទៅវិញ៕