កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស
ភ្នំពេញ៖ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តម វីលហែម ម៉ាកស៊ីមីលាន ដុងកូ (Wilhelm M. Donko) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលនៃជំនួប ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា និងអូទ្រីស និងបានប្តេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។
ក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ ៕