សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ K-water ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ K-water និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា Korea Water Resource Corporation (K-water) គឺជាសាជីវកម្មធនរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ។
K-water ក៏បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមខេត្តមួយចំនួនដែលរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង និងបាត់ដំបង។
ហើយកាលពីខែមីនា ឆ្នាំ២០២៤នេះ K-water ក៏បានពិភាក្សាជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើការអភិវឌ្ឍធនធានទឹក រួមទាំងគម្រោង Smart Water Management នៅរាជធានីភ្នំពេញផងដែរ ៕