ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្រមាណ ៣,៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។
ពីធីនេះធ្វើឡើងនៅ ស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ រួមទាំងសមាជិកសមាជិកាគណបក្សដែលជាក្បាលម៉ាស៊ីន នៅទូទាំងខេត្តប្រមាណ ៣,៥០០នាក់។
ក្នុងឱកាសនោះ សមាជិកទាំងមូល បានស្តាប់ និងយល់ជ្រួបជ្រាបនូវសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចាក់ផ្សាយជូនអង្គពិធីទាំងមូល។
មានប្រសាសន៍ទៅកាន់សមាជិកសមាជិកាគណបក្សទាំងអស់ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានសម្រេចនូវស្នាដៃជាប្រវត្តិសាស្ត្រធំៗជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ជា សុផារ៉ា គូសបញ្ជាក់ថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការ និងបំណងពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ជា សុផារ៉ា រំលេចថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ គឺជាការបោះឆ្នោតអសកល និងមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីភាពខ្លាំង និងភាពឈ្នះរបស់គណបក្ស ជាពិសេសការផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តត្បូងឃ្មុំ។
ជាចុងក្រោយ ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម ជា សុផារ៉ា បានក្រើនរំលឹកដល់អង្គបោះឆ្នោត ត្រូវត្រៀមឯកសាររួចជាស្រេច និងពង្រឹងការថែរក្សាសុខភាពដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕