កម្ពុជា និងរូម៉ានី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Cristina Romila ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរូម៉ានី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង។
លោកជំទាវអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ និងបានសម្តែងនូវសេចក្តីរីករាយយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោកជំទាវ Cristina Romila បានលើកឡើងពីលទ្ធផលវិជ្ជមាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីទាំងពីរលើក ក៏ដូចជាសមិទ្ធផលថ្មីៗលើទំនាក់ទំនងទ្វេភាគី។
ភាគីទាំងពីរ បានសម្តែងនូវឆន្ទៈមុះមុតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយសង្កត់ធ្ងន់លើគោលដៅរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសនៅក្នុងវិស័យអប់រំ។
ការប្តេជ្ញាចិត្តជាថ្មីចំពោះភាពជាដៃគូនេះ ពិតជានឹងត្រួសត្រាយផ្លូវសម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងការរីកចម្រើនកាន់តែច្រើនសម្រាប់ប្រទេស និងប្រជាជនទាំងពីរ នាពេលអនាគត ៕