ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ចពិនិត្យមើល ការអនុវត្តស្តង់សាលារៀនគំរូ នៅសាលាបឋមសិក្សាព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះបំពេញទស្សនកិច្ចពិនិត្យមើលការអនុវត្តស្តង់ដាសាលារៀនគំរូ នៅសាលាបឋមសិក្សាព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមកិច្ចស្វាគមន៍របស់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនៃរដ្ឋបាលស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែនដី។
ជាកិច្ចស្វាគមន៍លោកនាយកសាលាបានធ្វើរបាយការណ៍ ដោយរំលេចអំពីស្ថានភាពទូទៅរបស់សាលារៀន ស្ថានភាពសាលារៀនមុនពេលចូលរួមអនុវត្តគម្រោង និងស្ថានភាពសាលារៀននាពេលបច្ចុប្បន្នដែលការប្រែប្រួលផ្នែកបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ បានមកពីការឧបត្ថម្ភគាំទ្ររបស់មាតាបិតា សហគមន៍។ កត្តាដែលទាក់ទាញសហគមន៍ឱ្យចូលរួមអភិវឌ្ឍសាលារៀន គឺសាលារៀនចាប់ផ្ដើមរៀនសូត្រពីការធ្វើតេស្តស្តង់ដា ពីគណៈគ្រប់គ្រងវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រែកតាទែន បន្ទាប់មកផ្សព្វផ្សាយលទ្ធផលតេស្តដល់មាតាបិតា សហគមន៍ ព្រមទាំងយកលទ្ធផលតេស្តទៅធ្វើផែនការកែលម្អការបង្រៀន និងរៀន។
នៅចុងឆ្នាំ២០២២ សាលារៀនចាប់ផ្ដើមចូលរួមអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ហើយសាលារៀនបន្តអនុវត្តតេស្តស្តង់ដាម៉ត់ចត់ រួចផ្សព្វផ្សាយលទ្ធផលទៅគ្រប់អ្នកពាក់ព័ន្ធ និងទាក់ទាញបាននូវការចូលរួមរបស់សហគមន៍ មាតាបិតាបិតា កាន់តែច្រើនឡើង។ ចំពោះសិស្សរៀនយឺត សាលាជូនដំណឹងដល់មាតាបិតាដើម្បីជួយបង្រៀនកូនបន្ថែមនៅផ្ទះ និងពង្រឹងលោកគ្រូ អ្នកគ្រូក្នុងការបង្រៀនបំប៉នបន្ថែមថ្ងៃព្រហស្បតិ៍។ ជាមួយគ្នានេះ សាលាបានបង្កើត គណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន ដែលមានការចូលរួមយ៉ាងផុលផុសពីមាតាបិតា អ្នកអាណាព្យាបាល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ អាជ្ញាធរដែនដី ដែលបានដឹកនាំគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន ដែលនឹងអាចប្រែក្លាយជាសាលារៀនគំរូ នាពេលអនាគត។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនមាតាបិតា អ្នកអាណាព្យាបាល ឱ្យយកចិត្តទុកដាក់ថែទាំងបុត្រធីតា នៅក្នុងដំណាក់កាលដំបូង ចាប់ពីកូនចាប់កំណើតក្នុងផ្ទៃរហូតដល់អាយុ ៣ឆ្នាំ។ ចាប់ពីអាយុ ៣ឆ្នាំដល់ ៦ឆ្នាំ មាតាបិតា ត្រូវជួយមើលថែឱ្យកូនមានវិន័យ ចេះធ្វើអ្វីដោយខ្លួនឯង ជំរុញ និងលើកទឹកចិត្តឱ្យកូនចូលចិត្តលេងល្បែងកុមារ រៀនគូសរូប ផាត់ពណ៌ ចាប់ផ្ដើមស្រឡាញ់សាលារៀន និងត្រៀមខ្លួនសម្រាប់ការរៀនបន្តនៅបឋមសិក្សា។
នៅកម្រិតបឋមសិក្សាក្រសួងបានដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដូចនេះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូត្រូវចូលរួមអនុវត្ត ប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ដើម្បីពង្រឹងសមត្ថភាពសិស្សកម្រិតថ្នាក់ដំបូង លើការរៀនអាន សរសេរ និងរៀនលេខ និងដោយឡែកពេលនៅផ្ទះ មាតាបិតា ត្រូវឱ្យកូនហ្វឹកហាត់អានបន្ថែម ឬ អានឱ្យកូនស្ដាប់ ដោយប្រើប្រាស់សៀវភៅសិក្សាគោល សៀវភៅជំនួយនានា និងសៀវភៅរឿងខ្លីៗ ជាដើម។ សាលារៀនគោលដៅរបស់គម្រោង GEIP ត្រូវពង្រឹងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង បង្កើត និងដំណើរការបណ្ណាល័យស្តង់ដា និងជំរុញសកម្មភាពអំណានក្នុងបណ្ណាល័យ យ៉ាងតិចមួយម៉ោងក្នុងមួយសប្ដាហ៍។
នាយកដ្ឋានបឋមសិក្សា ត្រូវបន្តបំប៉នគ្រូបង្រៀនកម្រិតថ្នាក់ដំបូង និងពង្រឹងការអនុវត្តតាមរយៈយន្តការទីប្រឹក្សាគរុកោសល្យ និងគាំទ្របន្ថែមពីក្រុមការងារបច្ចេកទេសរបស់ក្រសួង និងមន្ទីរ។ ដើម្បីពង្រឹងគុណភាពនៃការអប់រំនៅកម្រិតបឋមសិក្សាបន្ថែមទៀត ក្រសួងនឹងណែនាំឱ្យសាលារៀនរៀបចំការធ្វើតេស្ត ឬប្រឡងបញ្ចប់ថ្នាក់ទី៦ នាពេលខាងមុខ។ ដូចនេះ មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមបណ្ដុះទម្លាប់ល្អដល់កូន កុំឱ្យកូនចំណាយពេលលេងហ្គេម ឬដើរលេងឥតប្រយោជន៍ ដោយលើកទឹកចិត្តកូនឱ្យអានសៀវភៅ ធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យជាប្រចាំ។ សូមបងប្អូនចងចាំថា បើយើងមានជីវភាពខ្សត់ខ្សោយហើយមិនឱ្យកូនរៀន នោះយើងនឹងនៅតែមានបញ្ហាជីវភាព ដល់ជំនាន់ចៅរបស់យើងតទៅទៀត។
សារជាថ្មី ឯកឧត្ដមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ក្នុងការដឹកនាំគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន និងការសិក្សារបស់កូនចៅ ហើយការចូលរួមទាំងនេះ នឹងជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សនាពេលអនាគត៕