នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យការពារ អ្នកដែលមានសញ្ជាតិខ្មែរគ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ គឺនៅតែតាមជួយគាំពារពលរដ្ឋខ្លួន ឬក៏សហការជាមួយភាគីប្រចាំប្រទេសនីមួយៗ ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា «ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស និងនិស្សិតទៅសិក្សានៅក្រៅប្រទេស រាជរដ្ឋាភិបាលមិនបោះបង់នោះទេ, រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យការពារអ្នកដែលមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់ ដូច្នេះគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលដែលបានធ្វើសម្រាប់ប្រជាពលរដ្ឋនៅកូរ៉េនេះ គឺបានធ្វើច្រើន»។
សម្ដេចធិបតីមានប្រសាសន៍ថា នៅអំឡុងពេលកូវីដ១៩ រាជរដ្ឋាភិបាលក៏បានធ្វើការជាមួយភាគីកូរ៉េ ដើម្បីជួយគាំពារដល់ពលករខ្មែរជាដើម ខណៈបច្ចុប្បន្នមន្ត្រីអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ មន្ត្រីក្រសួងការងារ មន្ត្រីទូតនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលការងារធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរតាមអនឡាញ ដោយមិនមានការរើសអើងអ្វីឡើយ។
សម្ដេចធិបតី បន្ថែមថា ភាគីកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលគាំទ្រពលករបរទេស និងមជ្ឈមណ្ឌលប្រឹក្សាការងាររបស់កូរ៉េ ដើម្បីធ្វើកិច្ចការមួយចំនួនជួយដល់ពលករខ្មែរនៅកូរ៉េ។ សម្ដេចសង្ឃឹមថា កិច្ចការទាំងឡាយនេះនឹងបន្តធ្វើទៀត ពីព្រោះនឹងមានពលករខ្មែរមកប្រទេសកូរ៉េបន្ថែម ព្រមទាំងមានអ្នកត្រូវការជំនួយឱ្យជួយដោះស្រាយបន្ថែមទៀតដែរ។
សម្ដេចធិបតីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដើរចោលពលរដ្ឋខ្មែរឡើយ មិនថានៅទីណានោះទេ ហើយសម្ដេចបានណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខិតខំជួយប្រជាពលរដ្ឋឱ្យបានល្អ៕