សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅសាធារណរដ្ឋកូរ៉េ។
មូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ រួមមាន៖
១).ការភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧ ដែលជាការពុះពាររបស់សម្តេចតេជោ ហ៊ុន សែន
២).ការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ
៣).ដោយសារពលករខ្មែរខ្លួន ឯង ដែលឧស្សាហ៍ព្យាយាម និងមិនបង្កបញ្ហាដល់ថៅកែកូរ៉េ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារក្រៅប្រទេស ជាការបង្កើតជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ មិនមែនជាការបង្ខំនោះទេ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណជ្រាលជ្រៅដល់ពលរដ្ឋខ្មែរទាំងអស់នៅកូរ៉េ ហើយបន្តប្រកាន់ឥរិយាបថល្អ។ សម្តេចធិបតី បានបន្តថា រយៈពេល១០ឆ្នាំនេះ ពលករខ្មែរធ្វើការនៅកូរ៉េកើនជាង ៦ម៉ឺននាក់។ ឆ្នាំ២០២៤ កូតាពលករខ្មែរ ត្រូវបានដំឡើងដល់ ១.១៥០នាក់ក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នអនិកជនខ្មែរនៅកូរ៉េ មានជាង ៨ពាន់នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា តម្រូវឱ្យរាជរដ្ឋាភិបាលយគាំពារពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងអស់ទាំងក្នុង និងក្រៅប្រទេស។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលខ្មែរមិនចោលពលរដ្ឋខ្មែរនៅកូរ៉េនោះឡើយ ទោះក្នុងស្ថានភាពបែបណាក៏ដោយ ៕