សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្ថែមពេលវេលារយៈពេល ៣ខែទៀត ដល់មន្រ្ដីអត្តសញ្ញាកម្ម ដើម្បីបន្ដនៅធ្វើលិខិតឆ្លងដែនជូនពលរដ្ឋនៅកូរ៉េ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ចំពោះការធ្វើលិខិតឆ្លងដែននៅកូរ៉េ ខ្ញុំពុំទាន់ឲ្យបញ្ជូនមន្ត្រីអត្តសញ្ញាណកម្មទៅវិញនោះទេ ខ្ញុំឯកភាពន្ថែមរយៈពេល៣ខែទៀត ដើម្បីនៅបន្ដធ្វើលិខិតឆ្លងដែនជូនបងប្អូននៅកូរ៉េ ហើយសូមអរគុណចំពោះការខិតខំប្រឹងប្រែង របស់មន្រ្ដីអត្តសញ្ញាណកម្មយើង»។
សម្ដេចធិបតីលើកឡើងថា ដោយសារត្រូវបន្ដរយៈពេល៣ខែបន្ថែមទៀត ដូច្នេះសូមផ្ដាំសូមទោសទៅកាន់គ្រួសារ មន្រ្ដីអត្តសញ្ញាណកម្មយើងទាំងអស់ ដែលបាននិងកំពុងរង់ចាំស្វាមី, រង់ចាំឪពុក, រង់ចាំកូនត្រូឡប់ទៅប្រទេសកម្ពុជាវិញនៅចុងខែនេះ ដោយសារតែត្រូវស្នើសុំមន្រ្ដីយើងទាំងអស់ បន្ថែមរយៈពេល៣ខែទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនៅកូរ៉េ៕