ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់សូមចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដូចអ្វីដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល នាពេលបច្ចុប្បន្ន និងពង្រីកសមិទ្ធិផលជាគុណប្រយោជន៍ថ្មីៗបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដល់ការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត, ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដើម្បីធានាសុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ ដែលបានចូលរួម ក្នុងការបោះឆ្នោត, ការពារទីតាំងមណ្ឌលបោះឆ្នោត,ការិយាល័យបោះឆ្នោត, គណៈកម្មការបោះឆ្នោត,អង្គបោះឆ្នោត និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឱ្យធានាបានសុវត្ថិភាពទាំងស្រុង។
ទន្ទឹមនិងនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវសូមប្តេជ្ញាបន្ត ភាពខ្លាំងរបស់គណបក្ស បន្តអានុភាពជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរក្សាឱ្យបានដាច់ ខាតតំណែងប្រធានក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក បង្កើនអាសនៈរបស់យើង ប្តេជ្ញាប្តូរ ផ្តាច់ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ការរីកចម្រើនរបស់ប្រទេសជាតិតជំនាន់កូនចៅ របស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់សូមចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដូចអ្វីដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល នាពេលបច្ចុប្បន្ន និងពង្រីកសមិទ្ធិផលជាគុណប្រយោជន៍ថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិរបស់យើងទាំងអស់គ្នា៕