ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្ដម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) បានបញ្ជាក់ថា កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាបន្តបន្ទាប់នោះ គឺដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ខណៈសន្តិភាព និងស្ថិរភាពនេះគឺមានសារៈសំខាន់ណាស់។ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយលោកនៅនិវេសនដ្ឋានទូតជប៉ុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា លោក អឹអិណុ អាហ្សឹហ្ស៊ី បានលើកឡើងថា “សន្តិភាព និងស្ថិរភាពមានសារៈសំខាន់ណាស់បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមានសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហានៅប្រទេសស្លូវ៉ាគី។ ដោយសារមានស្ថិរភាពក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា”។ ឯកអគ្គរាជទូតជប៉ុន ក៏បានលើកឡើងផងដែរថា កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ហើយលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជាមានការប្រើQRកូដសម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថលនេះ។ ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានបន្ថែមទៀតថា ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ហើយយុទ្ធសាស្ត្រឌីជីថលក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ ឯកឧត្ដមបន្តទៀតថាជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថលនេះផងដែរ៕