ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា
ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ- អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន។
ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអភិរក្សជីវៈចម្រុះពីគ្រប់ ភាគីពាក់ព័ន្ធដែលកំពុងគាំទ្រដល់ការអនុវត្តផែនការជីវៈចម្រុះ ដើម្បីបញ្ឈប់ និងបញ្ចៀសការបាត់បង់ជីវៈចម្រុះ និងស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ២០២៣-២០២៨។
ទិវានេះក៏មានការតាំងបង្ហាញផលិតផលជីវៈចម្រុះពីសហគមន៍ និងអង្គការដៃគូ ព្រមទាំងមានការដាំកូនឈើជានិមិត្តរូបផងដែរ៕