សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ និងជំរុញឱ្យយើងអាចកសាងសង្គមបានកាន់តែប្រសើរប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។
សម្ដេចធិបតីមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញ «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឈឺចាប់របស់ប្រជាជាតិកម្ពុជាដោយសារការលូកដៃពីអំណាចបរទេស គួបផ្សំនិងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេសដែលស្តែងឡើងតាមរយៈគម្លាតមានក្រ បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបពលពត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា យើងត្រូវតែក្រើនរំលឹកពលរដ្ឋរបស់យើងជាដរាបអំពីមេរៀនទាំងនេះដើម្បីធានាថាយើងនឹងមិនដើរលើផ្លូវដដែលនេះទៀតទេ ហើយលើសពីនេះយើងត្រូវតែកែសម្រួល ឬសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនៃសង្គមរបស់យើងនៅពេលចាំបាច់ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឬសបានឱ្យសោះ៕