សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើក សន្និសីទលើកទី១ ស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួម នៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ឈរលើមូលដ្ឋាននៃយុត្តិធម៌ សង្គមទាំងមូលត្រូវតែបន្តក្រើនរំលឹកជានិច្ចអំពី ឫសគល់នៃសោកនាដកម្មពីអតីតកាល ដើម្បីអនុញ្ញាតឱ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្គមត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងឡាយ ដើម្បីធានាថា កម្ពុជា មិនដើរលើផ្លូវដដែលនោះទេ។ លើសពីនេះ ត្រូវតែកែសម្រួល ឬ សម្របស្ថានភាព សង្គម, នៅពេលណាដែលចាំបាច់, ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ ផ្តើមកកើត និងចាក់ឫសក្នុងសង្គមកម្ពុជា ៕