នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២០
ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាពការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំពោះការសាងសង់អគារខាងលើនេះ ឯកឧត្តម សែម សុវណ្ណនី ឱ្យដឹងថា គឺសង់បានជាង៧០% ដែលមានអគារសាលប្រជុំ អគារសិក្ខាកាមស្នាក់នៅ និងអគារថ្នាក់រៀន។ ក្រៅពីអគារ នឹងចាប់ផ្តើមសាងសង់ផ្លូវបេតុង៣ខ្សែ នៅក្នុងបរិវេណសាលានេះផងដែរ។
អគារកំពង់សាងសង់ដែលបានប្រសិទ្ធនាមថាតេជោសន្តិភាព គឺសម្រាប់ធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់សិក្ខាកាមថ្នាក់តំបន់និងសកល។ ជាមួយគ្នាអគារតេជោសន្តិភាព នឹងសាងសង់ឱ្យរួចរាល់នៅមុនវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មត្រីភាគី កម្ពុជា ជប៉ុន អសប នាចុងឆ្នាំ២០២៤នេះ៕