ស្នងការនគរបាលខេត្តមណ្ឌលគិរី ណែនាំដល់ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីទាំង៣ ត្រូវបង្កើនការត្រួតពិនិត្យរាល់ទំនិញចេញចូលអោយបានច្បាស់លាស់
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍ការងារសម្រាប់ខែបន្ត។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាស្នងការរង លោកនាយ នាយរងការិយាល័យជំនាញលោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ៣០៣/៦២១ លោក អធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុក ទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ លោក នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ ឃុំសង្កាត់ដែលបានចូលរួមសរុបចំនួន១៤៨រូប។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុប និងវិភាគ ឡើងអានរបាយការណ៍សង្ខេបស្តីពីកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែខាងមុខ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ក៏បានឡើងមានប្រសាសន៍កែសម្រួលរបាយការណ៍ដែលមានចំណុចខ្វះខាតមួយចំនួនរបស់វរសេនាតូចនគរបាលការពារព្រំដែន ផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ណែនាំស្តីពីការអនុវត្តលក្ខណ:សម្បត្តិទាំង៥ ស្តីពីការប្រឡងប្រណាំងដាក់ពិន្ទុលើសមត្ថភាពការងារការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ-សង្កាត់ ដែលបានខិតខំអនុវត្តការងារបានល្អប្រសើរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំដល់លោកប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីទាំង៣ ត្រូវបង្កើនការត្រួតពិនិត្យរាល់ទំនិញចេញចូលអោយបានច្បាស់លាស់។ ចំណែកឯការងារគ្រប់គ្រងជនអន្តោរប្រវេសន៍ សូមអធិការនគរបាលក្រុងស្រុកទាំង៥ បង្កើននូវការយកចិត្តទុកដាក់និងសហការជាមួយការិយាល័យអនុវត្តន៍និតិវិធីបង្កើននូវការយកចិត្តទុកដាក់គ្រប់គ្រងជនអន្តោរប្រវេសន៍ ដែលចូលមកស្នាក់នៅដោយខុសច្បាប់នៅតាមបណ្តាក្រុមហ៊ុននានា ដែលពុំមានលិខិតស្នាមស្នាក់នៅច្បាស់លាស់ និងត្រូវបង្កើននូវការយកចិត្តទុកដាក់បង្រ្កាបរាល់ បទល្មើសការកាប់បំផ្លាញធនធានធម្មជាតិ។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក៏បានជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណ: សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕