ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត
ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃចងចាំ ២០ ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត។ ដោយមានការចូលរួមពីក្រុមប្រឹក្សា អភិបាលរងខេត្ត មន្ត្រីរាជការ ក្រុងស្រុក ឃុំ សង្កាត់យ៉ាងច្រើនកុះករ នៅវត្តទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ។
សូមជម្រាបជូនថា ថ្ងៃ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតដោយអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍អាវខ្មៅប៉ុលពត។ ក្រោមការដឹកនាំ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិយើងឡើងវិញ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហឿ ស៊ីយ៉ែម ក៏បានរៀចំពិធីសូត្រមន្តបង្សុកូលរាប់បាតព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមអោយដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់សូមឲ្យបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕